អនុញ្ញាតឱ្យវត្ថុជាអ្នកនិទានរឿង៖ការសង្កេតមើលគម្រោងសារមន្ទីរនៅថ្ងៃទី៦ខែតុលា
ណែនាំអ្នកនិពន្ធ៖ផាត់ផន (អ័រ) ភូថង
ផាត់ផន (អ័រ) ភូថង ធ្វើការនៅក្នុងសារមន្ទីរសន្តិភាព និងបណ្ណសារ ហើយប្រឡូកខ្លួនចូលក្នុងការអប់រំសន្តិភាព។ ថ្មីៗនេះនាងបានធ្វើការសិក្សាអំពីលទ្ធភាពលើការបង្កើតតំបន់ភាគខាងត្បូងនៃប្រទេសថៃជាប្រធានបទ ក្នុងការកំណត់គោលដៅនៃសារមន្ទីរសន្តិភាព។នាងក៏ជាសហស្ថាបនិកនៃគម្រោងសារមន្ទីរក្នុងព្រិតិការណ៍ សម្លាប់រង្គាលថ្ងៃទី 6 ខែតុលា ឆ្នាំ 1976 និងគម្រោងសារមន្ទីរភាគខាងត្បូង និងបណ្ណសារ ប្តេជ្ញាប្រើប្រាស់សារៈមន្ទីរ និងបណ្ណសារជាឧបករណ៍ ដើម្បីបំប្លែងជម្លោះ និងកសាងសន្តិភាព។តាំងពីឆ្នាំ 2011អ័របានធ្វើការនៅក្នុងសារមន្ទីរ និងបណ្ណសារដែលលើកកម្ពស់សន្តិភាព និងយុត្តិធម៌ តាមរយៈមូលនិធិ ផ្តល់ជំនួយដល់កម្មវិធីបញ្ញាសាស្រ្តសាធារណៈអាស៊ីនៃប្រទេសជប៉ុន ដំណើរការ "ឆ្ពោះទៅរកសន្តិភាព និងការផ្សះផ្សា៖ ករណីសិក្សានៃសារមន្ទីរសន្តិភាពនៅប្រទេសជប៉ុន និងហ្វីលីពីន" ។
អំពីគម្រោងសារមន្ទីរថ្ងៃទី ៦ ខែតុលា
អំពីគម្រោងសារមន្ទីរថ្ងៃទី ៦ ខែតុលាត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ 2019 ដោយក្រុមមួយមានសមាជិកបួននាក់ សមាជិករួមមាន អ្នករៀបរៀងអត្ថបទមកពីគ្រឹះស្ថានបោះពុម្ពផ្សាយរីកចម្រើនមួយនាក់ អ្នកថតនិងជានាយកភាពយន្តម្នាក់ ស្ថាបត្យករម្នាក់ និងអ្នកស្រាវជ្រាវម្នាក់។ គម្រោងសារមន្ទីរមានគោលបំណងបង្កើតលំហនយោបាយសង្គម
ដើម្បីធ្វើឱ្យមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាអាចទំនាក់ទំនង និងពិភាក្សាអំពីអំពើហិង្សានយោបាយក្នុងអតីតកាល និងបច្ចុប្បន្ននៅក្នុងប្រទេសថៃ។គម្រោងនេះរំពឹងថានឹងផ្លាស់
ប្តូរព័ត៌មាន និងភស្តុតាងជាមួយទស្សនិកជន និងសង្គមថៃ តាមរយៈការតាំងពិពណ៌ កិច្ច
ប្រជុំស្រាវជ្រាវនិងពិគ្រោះ និងសិក្ខាសាលា នាំមកនូវសំណួរ ការរិះគន់ និងចុងក្រោយ
ដែលប្រឈមមុខនឹងវប្បធម៌និទណ្ឌភាព។
ប្រទេសថៃគឺជាប្រទេសមួយដែលពោរពេញទៅដោយពាក្យចចាមអារ៉ាម ការពិតគឺពិបាកនឹងក្ដោបក្ដាប់ណាស់ ហើយពាក្យចចាមអារ៉ាមច្រើនតែស្រដៀងនឹងការពិត ដែលធ្វើឱ្យមនុស្សពិបាកនឹងស្រមៃថាតើមានអ្វីកើតឡើង។ នៅពេលដែលខ្ញុំមានឱកាសចូលរួមក្នុងគម្រោង
សារមន្ទីរមួយក្នុងគោលបំណងទំនាក់ទំនងអំពើហឹង្សានយោបាយពីអតីតកាល ខ្ញុំបានគិតថាតើតាមរយៈការតាំងពិព័រណ៍អាចនឹងបង្ហាញការពិតដោយរបៀបណា សន្ទនាជាមួយសាធារណៈជនរបៀបណាដើម្បីឱ្យពួកគេមានការងឿងឆ្ងល់ រិះគន់ ហើយនិងទីបំផុតរកឃើញនូវអ្វីដែលបានកើតឡើង។
នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៧៦ រដ្ឋាភិបាលថៃបានសម្លាប់និស្សិត និងជនស៊ីវិលជាច្រើននាក់នៅសកលវិទ្យាល័យធម្មសាទ (Thammasat University )ដែលបានតវ៉ាដោយសន្តិវិធីចំពោះការវិលត្រឡប់របស់អតីតមេដឹកនាំផ្តាច់ការ។យោងតាមតួលេខផ្លូវការ មានមនុស្សចំនួន ៤៦ នាក់បានស្លាប់ និង ១៦៧ នាក់បានរងរបួស ហើយសិស្សជាង ៣,០០០ នាក់ត្រូវបានចាប់
ខ្លួន។បន្ទាប់មក ច្បាប់លើកលែងទោសត្រូវបានអនុម័តនៅឆ្នាំ ១៩៧៨ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានដោះលែង ជាពិសេសជនល្មើស៖ ប៉ូលីស មន្ត្រីល្បាតព្រំដែន ទាហានប៉ារ៉ា និងក្រុមស្តាំនិយម។នៅខែកក្កដាឆ្នាំ ២០១៩ ៤៣ ឆ្នាំក្រោយបន្ទាប់ពី ការសម្លាប់រង្គាល។យើងបានបើកដំណើរការគម្រោងសារមន្ទីរនៃព្រឹត្តិការណ៍ថ្ងៃទី៦ខែតុលា ប្រឈមនឹងវប្បធម៌និទណ្ឌភាពប្រភេទនេះ(culture of impunity)ដោយប្រើវត្ថុទាក់ទងនឹងអំពើហិង្សានយោបាយពីអតីតកាល និងបច្ចុប្បន្នកាល បង្កើតជាកន្លែងសិក្សានយោបាយសង្គម។តាមរយៈការទំនាក់ទំនង មិនថាតាមរយៈការតាំងពិព័រណ៍ សិក្ខាសាលា ភាពយន្ត ឬទម្រង់ផ្សេងទៀតនោះទេ ការប្រឈមមុខនឹងភាពអយុត្តិធម៌ និងវប្បធម៌និទណ្ឌភាពដែលចាក់ឫសចាក់គល់នៅក្នុងប្រទេសថៃ បានលើកទឹកចិត្តសាធារណៈជនឱ្យមានចម្ងល់ បញ្ចេញមតិ និងរិះគន់។ នេះគឺជាគោលដៅដែលគម្រោងសារមន្ទីររបស់យើងចង់បាន។
ខ្ញុំត្រូវចំណាយពេលពេញម្ភៃឆ្នាំជាង ទើបយល់ច្បាស់ពីមូលហេតុដែលយើងមិនអាចពិភាក្សា ឬស៊ើបអង្កេតព្រឹត្តិការណ៍នេះឱ្យស៊ីជម្រៅបាន។ ប្រទេសថៃត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលយោធាជាយូរមកហើយដែលផ្តល់អាទិភាពកំពូលរបស់រដ្ឋាភិបាលយោធាគឺសន្តិសុខជាតិ។តាមរយៈវប្បធម៌និទណ្ឌភាព គួបផ្សំនឹងការប្រព្រឹត្តមិនត្រឹមត្រូវដោយស្ថាប័នរដ្ឋបាលតុលាការ រដ្ឋាភិបាលថៃគ្រប់គ្រងការចងចាំរបស់ប្រជាពលរដ្ឋខ្លួន។អំពើហិង្សានយោបាយកាលពីអតីតកាលក្លាយជាបញ្ហាប្រតិកម្មរហ័សឬជាបម្រាម អ្នកខ្លះទៀតគិតថាមានតែបំភ្លេចចោលអតីតកាលទេ ទើបអាចឈានទៅមុខបាន។ទាំងនេះគឺជាបញ្ហាប្រឈមរបស់ពួកយើង ក្នុងការរំឭក និងទំនាក់ទំនងកាលពីអតីតកាល។
ហើយម៉្យាងទៀត នៅពេលរដ្ឋប្រហារថ្មីៗបំផុតក្នុងឆ្នាំ ២០១៤បានផ្លាស់ប្តូរទស្សនៈរបស់ប្រជាជនថៃភាគច្រើនទៅលើវិស័យយោធា។ ប្រជាជនថៃ ជាពិសេសក្មេងជំនាន់ក្រោយ ចាប់ផ្តើមជជែកគ្នាមានការងឿងឆ្ងល់ពីអំពើហឹង្សានយោបាយកន្លងមក និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ក្នុងចំណោមប្រធានបទនៃការពិភាក្សាជាសាធារណៈនោះគឺមានរួមទាំងការសម្លាប់រង្គាលថ្ងៃទី៦ ខែតុលាឆ្នាំ ១៩៧៦ ផងដែរ។
ការតាំងពិព័រណ៍លើកទី១របស់យើង "Prajak / Payan" ("សាក្សីផ្ទាល់ភ្នែក") ត្រូវបានដាក់តាំងបង្ហាញចាប់ពីថ្ងៃទី ៥ដល់៦ ខែតុលា ឆ្នាំ២០១៩។ វត្ថុតាំងពិព័រណ៍មានចំនួនតែបីប៉ុណ្ណោះ៖ ខោខូវប៊យមួយដែលស្រាតចេញពីសាកសពនិស្សិតប្រុស និស្សិតម្នាក់នេះត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ មេក្រូមួយដែលមានរន្ធគ្រាប់កាំភ្លើង ហើយនិងទ្វារពណ៌ក្រហមមួយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៦ ទ្វារនេះត្រូវបានព្យួរកសាកសពចំនួនពីរនាក់ ។
យើងបង្ហាញវត្ថុទាំងនេះ ដោយគ្រាន់តែបន្ថែមការពិពណ៌នាសង្ខេបប៉ុណ្ណោះ ព្រោះវត្ថុទាំងនេះជាវត្ថុពិត និងជាសាក្សីនៃអំពើហិង្សា។នៅពេលអ្នកចូលទៅក្នុងពិព័រណ៍ភ្លាមវត្ថុទាំងបីនេះនឹងសន្ទនាដោយផ្ទាល់ជាមួយទស្សនិកជន វាបង្ហាញការពិត ហើយការពិតនឹងយល់ដោយខ្លួនឯង។ខ្ញុំនៅតែចងចាំបានថាពេលដែលខ្ញុំនៅក្នុងកន្លែងពិព័រណ៍ គន់មើលមនុស្សម្នាដើរទៅមកក្នុងតំបន់តាំងពិព័រណ៍ ខ្ញុំគិតក្នុងចិត្តថា "ហេតុអ្វីបានជាមានមនុស្ស មើលវត្ថុទាំងបីនេះច្រើនម្លេះ គឺមកពីពួកគេមិនធ្លាប់បានឃើញវាពីមុនមកឬ? គឺមកពីពួកគេចង់ដឹងការពិតមែនទេ? តើមកពីពួកគេចង់បញ្ជាក់ថា ព្រឹត្តិការណ៍ ៦ តុលា ១៩៧៦ បានកើតឡើងមែនឬអត់? ឬមួយក៏ដោយសារពួកគេចង់ជួបពួកយើង និងអ្នកដទៃដែលមានគំនិត និងបញ្ហាដូចពួកគេដែរហ្ន៎?"
ការតាំងពិព័រណ៍លើកទី២របស់យើង "Kwean" ("ការព្យួរ") ត្រូវបានដាក់តាំងបង្ហាញចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ លើកនេះ ពួកយើងបានប្រើប្រាស់បច្ចេកវិទ្យា AR ដើម្បីទំនាក់ទំនងជាមួយទស្សនិកជន។ យើងផ្តោតសំខាន់លើព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ កាលនោះមនុស្សយ៉ាងហោចណាស់ប្រាំនាក់ត្រូវបានព្យួរកនៅលើដើមឈើនៅសំណាមលួង(Sanam Luan)គឺនៅលើដើមឈើជុំវិញទីលានពិធីព្រះរាជនោះឯង។ ពិព័រណ៍នេះត្រូវបានដាក់តាំងបង្ហាញនៅនឹងកន្លែងដែលសម្លាប់រង្គាល ហើយសូមអរគុណចំពោះបច្ចេកវិទ្យាAR ដោយផ្អែកលើរូបថតដែលបានថតពីឧបទ្ទវហេតុ ធ្វើឱ្យអ្នកទស្សនាអាចមើលឃើញសាកសពដែលត្រូវបានព្យួរកឬត្រូវគេបាញ់។ នៅពេលដែលរដ្ឋាភិបាលថៃចង់ឱ្យប្រជាជនរបស់ខ្លួនបំភ្លេចនូវអ្វីដែលពួកគេបានធ្វើ និងមិនមានការទទួលខុសត្រូវចំពោះការសម្លាប់នោះ មធ្យោបាយងាយស្រួលមួយក្នុងការប្រឈមមុខជាមួយពួកគេគឺការប្រើភស្តុតាងនៃព្រឹត្តិការណ៍និងវត្ថុ បង្កើតឡើងវិញដើម្បីឱ្យសាធារណៈជនបានឃើញនូវអ្វីដែលពួកគេបានធ្វើ។ការតាំងពិព័រណ៌របស់យើងគឺធ្វើនៅលើទីតាំងនៃកន្លែងដែលសម្លាប់រង្គាល ចង្អុលដោយផ្ទាល់ទៅជនល្មើស អត្តសញ្ញាណជនរងគ្រោះ ទំហំនៃអំពើហិង្សា និងទីតាំងនៃឧក្រិដ្ឋកម្មជាតិដែលបានកើតឡើង។ ទស្សនិកជនដែលមកមើលការតាំងពិព័រណ៍នេះគឺជាសាក្សីចំពោះអំពើហិង្សាពីអតីតកាល។
ខ្ញុំបានសង្កេតឃើញទស្សនិកជន ជាពិសេសក្មេងជំទង់ ពួកគេបានដឹងយ៉ាងច្បាស់អំពីការសម្លាប់រង្គាលថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៧៦ ហើយចំណេះដឹងរបស់ពួកគេបានមកពីបណ្ណសារអនឡាញ "កំណត់ត្រាថ្ងៃទី៦ខែតុលា" អ៊ិនធឺណិត និងការបោះពុម្ពផ្សាយ។ ពួកគេមកមើលពិព័រណ៍នេះ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងផ្លាស់ប្ដូរយោបល់ជាមួយបុគ្គលិក និងអ្នកទស្សនាផ្សេងទៀត។ ខ្ញុំក៏បានសង្កេតឃើញដែរថា ទោះបីជាប្រជាជនស្ថិតក្នុងការគ្រប់គ្រងការចងចាំនិងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជនក៏ដោយ បរិបទនយោបាយសង្គមរបស់ប្រទេសថៃក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ប៉ុន្តែបរិបទនយោបាយសង្គមបច្ចុប្បន្នក៏ជំរុញប្រជាជនឱ្យស្វែងរកការពិតផងដែរ។ តាមរយៈជ្រុងមួយនេះខ្ញុំបានឃើញថា សារមន្ទីរអាចលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌សន្តិភាព ដើម្បីការបង្ការអំពើឃោរឃៅកើតឡើងជាថ្មីទៀតនាពេលអនាគត។
គម្រោងសារមន្ទីរព្រឹត្តិការណ៍ថ្ងៃទី៦ ខែតុលា នៅតែកំពុងបន្តដំណើរការ ហើយមុនពេលសារមន្ទីរបង្កើតឡើងជារូបរាង ពួកយើងនៅមានផ្លូវដ៏វែងឆ្ងាយដែលត្រូវដើរទៅមុខ។ ប៉ុន្តែនៅក្នុងដំណើរការនៃគម្រោងនេះ វានៅតែអាចដើរតួនាទីស្រដៀងគ្នាជាមួយនឹងសារមន្ទីរ ដូចជាការប្រមូលវត្ថុជាច្រើនទៀត ការរៀបចំការតាំងពិព័រណ៍ សិក្ខាសាលា កិច្ចប្រជុំស្រាវជ្រាវនិងពិគ្រោះជាដើម។ខ្ញុំជឿថា ពួកយើងក៏នឹងបន្តប្រកាន់ខ្ជាប់ដែរនូវ (១) ការសួរសំណួរ៖ តើយើងដឹងអ្វីខ្លះ និងអ្វីដែលយើងមិនដឹង ឯកសារ ភស្តុតាង និងព័ត៌មាននៅឯណា តើនរណាខ្លះជាអ្នកពាក់ព័ន្ធក្នុងហេតុការណ៍នេះ ហើយអ្នកណាជាអ្នកទាក់ទងគ្នាខាងផលប្រយោជន៍? ។(២) ប្រមូលព័ត៌មានពីក្រុមផ្សេងៗទីបន្ទាល់ ការចងចាំ និងឯកសារ៖ ជនល្មើស ជនរងគ្រោះ អ្នកឈរមើល និងអ្នកដទៃ (៣) បង្កើតព័ត៌មាន ទីបន្ទាល់ ការចងចាំ និងឯកសារអាចធ្វើអន្តរកម្មជាមួយទស្សនិកជន និង (៤) ការកសាង និងពង្រឹងសារមន្ទីរយុត្តិធម៌និងវប្បធម៌បណ្ណសារ។
០០1៖ ចលនានិស្សិតច្បងនៃឧប្បត្តិហេតុថ្ងៃទី6 ខែតុលា ឆ្នាំ 1976 បានស្ម័គ្រចិត្តធ្វើជាមគ្គុទ្ទេសក៍ពិព័រណ៍ ចែករំលែកការចងចាំ និងបទពិសោធន៍របស់គាត់។ រូបថតនៅលើជញ្ជាំងត្រូវបានដាក់នៅជិតកន្លែងដែលជនរងគ្រោះត្រូវបានគេបាញ់។(ផ្ដល់រូបថត៖ផាត់ផន (អ័រ) ភូថង)
002៖ទស្សនិកជននិងច្រកទ្វារក្រហមនៅក្នុងការតាំងពិព័រណ៍លើកទី១ "Prajak / Payan" ("សាក្សីផ្ទាល់ភ្នែក")(ផ្ដល់រូបថត៖ផាត់ផន (អ័រ) ភូថង)
០០3៖ អ្នកស្ម័គ្រចិត្តតាំងពិព័រណ៍កំពុងពន្យល់ប្រាប់សិស្សមួយក្រុមអំពីអ្វីដែលបានកើតឡើងនៅកន្លែងដែលនិស្សិតកំពុងឈរ ព្រោះនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦អ្នកចលនាកំណែទម្រង់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅទីនេះ។(ផ្ដល់រូបថត៖ផាត់ផន (អ័រ) ភូថង)
004៖ទស្សនិកជននិងច្រកទ្វារក្រហមនៃការតាំងពិពណ៌ទីពីរ "Kwan" ("ការព្យួរ") ដែលអ្នកទស្សនាអាចមើលយ៉ាងដិតដល់នៅទីនេះនូវវត្ថុរបស់សារមន្ទីរ។(ផ្ដល់រូបថត៖ផាត់ផន (អ័រ) ភូថង)

០០5៖ នេះជារូបថតតំណាងនៃការសម្លាប់រង្គាលថ្ងៃទី 6 ខែតុលា ក្នុងរូបថតនេះគ្មានបុគ្គលណាម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ។ រូបថតនេះ វាត្រូវព្យួរលើជញ្ជាំងចម្ងាយតែ២០ ម៉ែត្រពីកន្លែងបាញ់។(ផ្ដល់រូបថត៖ផាត់ផន (អ័រ) ភូថង)